Tuesday, August 16, 2005

ទឹកទន្លេនៅចតុមុខកើនឡើងដល់កម្ពស់៩,១៥ម៉ែត្រ

ភ្នំពេញ-- កម្ពស់ទឹកទន្លេមេគង្គនៅភាគខាងលើ ដែលបានឡើងជិតដល់ចំណុចប្រកាសអាសន្នកាលពីថ្ងៃទី១១ សីហា បានស្រកចុះបន្តិចវិញ តែនៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់ចតុមុខបានឡើងដល់កម្ពស់ ,១៥ម៉ែត្រនៅថ្ងៃទី១៣ សីហានេះ កំពង់ចាមទឹកឡើងដល់ចំណុចប្រកាសអាសន្ន

លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ត្ររបស់ក្រសួងធនធានទឹកនិងឧតុនិយមបាននិយាយឲ្យដឹងនៅថ្ងៃទី១២ សីហាថា មិនទាន់មានខេត្ត-ក្រុងណាមួយទទួលរងការលិចលង់ដោយទឹកជំនន់ទន្លេមេគង្គនៅឡើយទេ តែទឹកបានជន់ឡើងទៅដល់ជិតចំណុចត្រូវប្រកាសអាសន្ននៅខេត្តក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃទី១១ សីហា តែបានស្រកចុះវិញបន្តិចនៅថ្ងៃទី១២ សីហានេះ។

ប្រភពដដែលបាននិយាយឲ្យដឹងទៀតថា ទឹកជន់ឡើងទៅដល់ចំណុចជិតប្រកាសអាសន្ននោះបានហូរចូលតាព្រែកទៅក្នុងបឹងនានាដែលរីងទឹកអស់កាលពីពេលកន្លងទៅ ហើយក្នុងរយៈពេល ទៅ៣ថ្ងៃខាងមុខនេះទឹកទន្លេមេគង្គនៅភាគខាងលើមិនឃើញមានសញ្ញាជន់ឡើងថែមទៀតទេ តែនៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់ចតុមុខទឹកនៅបន្តឡើង

តាមប្រភពដដែលបាននិយាយឲ្យដឹងនៅថ្ងៃទី១៣ សីហានេះថា ទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់-ចតុមុខនៅថ្ងៃទី១៣ នេះបានឡើងដល់កម្ពស់ ,១៥ម៉ែត្រ ហើយនៅជន់ឡើងថែមទៀតនៅថ្ងៃបន្តបន្ទាប់ នៅខេត្តកំពង់ចាមថ្ងៃនេះទឹកបានឡើងដល់ ១៥,២០ម៉ែត្រ ដែលជាចំណុចត្រូវប្រកាសអាសន្នហើយ

ទាក់ទិនទៅនឹងទឹកទន្លេមេគង្គជន់ឡើងនេះ កាលពីថ្ងៃទី១១ សីហា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំពាវនាវឲ្យប្រជាជនរស់នៅតាមដងទន្លេមេគង្គចាប់ពីប្រទេសឡាវរហូតដល់វៀតណាម និងនៅតាមសងខាងដងទន្លេបាសាក់ផងត្រូវមានការប្រុងប្រយ័ត្ន ព្រោះទឹកបានឡើងជិតដល់ចំណុចត្រូវប្រកាសអាសន្នហើយ សម្តេចបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រុងប្រៀបដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាមដងទន្លេក្នុងករណីជាយថាហេតុ

នៅព្រឹកថ្ងៃទី១២ ខែសីហា ក្រសួងការពារជាតិដែលអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញពីយុទ្ឋនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ ដែលបានធ្វើឡើងនៅតាមដងទន្លេសាបរួមមានទូក អូប័រ ម៉ារីន សាឡង់ ផ្ទះបណ្ដែត រថយន្តសង្គ្រោះ និងឧទ្ឋម្ភាគចក្រចម្លាក់ពោងសង្គ្រោះជាដើម

នាយកដ្ឋានជលសាស្ត្របានព្យាករណ៍កាលពីដើមឆ្នាំនេះថា ឆ្នាំនេះទឹកទន្លេមេគង្គអាចឡើងដល់កម្ពស់ ១០,៣០ម៉ែត្រ កាលពីឆ្នាំ២០០៤ ទឹកទន្លេមានកម្ពស់ត្រឹមតែ ,៩៧ម៉ែត្រ។ កម្ពស់ទឹកឆ្នាំនេះខ្ពស់ជាងពីឆ្នាំ២០០៤ តែវាមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននោះទេ។ កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅទីក្រុងភ្នំពេញគឺនៅកម្ពស់ ១០,៥០ម៉ែត្រ។ ទឹកទន្លេមេគង្គកាលពីឆ្នាំ២០០០ បានឡើងដល់កម្ពស់ ១១,២០ម៉ែត្រ ក៏ទីក្រុងភ្នំពេញលិចទាន់លិចនៅឡើយដែរ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីមានប្រសាសន៍អំពាវនាវនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីពេលកន្លងទៅនេះឲ្យអាជ្ញាធរគ្រប់ខេត្ត-ក្រុងនៅតាមដងទន្លេមេគង្គយកចិត្តទុកដាក់ទប់ស្កាត់គ្រោះទឹកជំនន់ ព្រោះទឹកទន្លេមេគង្គឆ្នាំនេះធំជាងឆ្នាំមុន។

0 Comments:

Post a Comment

<< Home